រឿងចាបស្រុក និងចាបព្រៃ

កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ ដើររកស៊ីដោយពួកជារាល់ថ្ងៃ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកស៊ីកុំជជែកឈ្លោះគ្នាឲ្យឮមាត់គឹកកងឡើយ ឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក ដើម្បីនឹងឲ្យរួចរស់ជីវិត។ 

ពួកចាបស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រានបានរួចជីវិតតែរៀងៗមក។ មានកាលថ្ងៃ១ពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នានៅដើមត្រែងមួយគុម្ព។ ពួកចាបព្រៃទំនៅខាងក្រោម ពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ ចាបព្រៃនិយាយប្រកាន់ទៅចាបស្រុកថា ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?។ 

ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ។ ពួកចាបព្រៃជាពួកឥតកាន់ដំបូន្មាន មិនពិចារណាឲ្យឃើញខុសត្រូវ ក៏បបួលគ្នាបង្កហេតុបង្កើតជាជម្លោះនឹងពួកចាបស្រុក ឮមាត់ជាគឹកកងរំពងឡើង។ ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា។ 

ចាបទាំងពីរពួកនេះបានត្រូវលប់ហើយ ក៏នៅតែជាប់ឈ្លោះគ្នាទៀត។ ចាបស្រុកពោលទៅចាបព្រៃថា បើពួកឯងគ្រាន់បើ ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់ទៅ។ ចាបព្រៃក៏ពោលមករកចាបស្រុកវិញថា បើពួកឯងគ្រាន់បើ ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់នេះដែរទៅ បានតែពាក្យបញ្ជូនគ្នាទៅវិញទៅមក មិនគិតបម្រះឲ្យរួចជីវិតសោះ។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើង ចាប់បានចាបទាំងអស់ ក៏ពិឃាដក្ស័យអស់។ 

នេះហើយចាបស្រុកជាពួកចាបល្អ តែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា ។ (ចំណាំៈ ការបែកបាក់សាមគ្គីជាកត្តានាំទៅរកភាពវិនាស)



Share this:

ABOUT THE AUTHOR

Ceyron Louis

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible

    Blogger Comment
    Facebook Comment

0 comments:

Post a Comment